របកគំហើញ​ថ្មី! កោសិកា​ដែល​បាន​ឆ្លង​ជំងឺ កូ​វីដ-១៩ អាច​ត្រូវ «ផ្ទុះ»

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា កោសិកា​មួយចំនួន​ដែលមាន​ផ្ទុក​វីរុស SARS-CoV-២ បង្ក​ជំងឺ​កូ​វីដ-១៩ ទំនងជា​បាន «ផ្ទុះ»។ របកគំហើញ​នេះ​អាចជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​បង្កើតបាន​នូវ​វិធីសាស្ត្រ​ព្យាបាល​ថ្មី​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​បច្ចុប្បន្ន។

ប្រតិកម្ម «ផ្ទុះ» នៅលើ​កោសិកា​ងាប់​ដែលមាន​ឈ្មោះថា pyroptosis ត្រូវបាន​គេ​ជឿថា ជាប់ទាក់ទង​នឹង​អាការ​រលាក និង​កើត​ឡើងលើ​អ្នកជំងឺ​ប្រហែល ៨ ករណី ក្នុងចំណោម ១០ ករណី​ដែល​បាន​ចូល​ពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ-១៩។ បាតុភូត​នេះ​អាច​បកស្រាយ​អំពី​វិធី​ដែល​វីរុស SARS-CoV-២ បង្កឱ្យមាន​របួសធ្ងន់​ធ្ង​រ​នៅលើ​សួត និង​អវយវៈ​ដទៃ។

ក្រុម​អ្នកស្រាវជ្រាវ​របស់ អង់គ្លេស រកឃើញថា នៅពេល​ប្រព័ន្ធ​ការពារ​រាងកាយ​ព្យាយាម​កម្ចាត់​វីរុស វា​អាច​បញ្ចេញ​ម៉ូលេគុល​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ​ទៅក្នុង​ឈាម បង្ក​ជា​បញ្ហា​រលាក​ត្រង់​អវយវៈ​ដែល​ងាយ​រងគ្រោះ​របស់​រាងកាយ​មនុស្ស។

បាតុភូត​មួយ​ដែល​ប្រហាក់ប្រហែល​នឹង​បាតុភូត​ដែល​ទើប​ត្រូវបាន​រកឃើញ​នេះ ត្រូវបាន​គេ​ហៅថា «ព្យុះ cytokine» (កើតឡើង​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​បញ្ចេញ​ប្រូតេអ៊ីន​ប្រឆាំងនឹង​មេរោគ​ច្រើនពេក ដែល​ហៅថា cytokine ហើយ​ក្រោយមក​វាយប្រហារ​ត្រលប់​មកលើ​ជាលិកា​ល្អ) ត្រូវបាន​គេ​ស្គាល់​ថា បាន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​រាងកាយ នៅពេល​ប្រតិកម្ម​ទៅនឹង​វីរុស SARS-CoV-២ ដែល​បង្ក​ជំងឺ​កូ​វីដ-១៩។

ក៏ប៉ុន្តែ របកគំហើញ​ថ្មី​ស្ដីពី​ឥទ្ធិពល​របស់ pyroptosis ចំពោះ​អ្នកជំងឺ​កូ​វីដ-១៩ កម្រិតធ្ងន់​នេះ មានលទ្ធភាព​បើកផ្លូវ​សម្រាប់​ការបង្កើត​វិធីសាស្ត្រ​ព្យាបាល​ថ្មី នេះ​បើតាម​វេជ្ជបណ្ឌិត Gautam Mehta មកពី​មន្ទីរពេទ្យ Royal Free ក្នុង​ទីក្រុង​ឡុង​ដ៍។

Pyroptosis (មានន័យថា ការស្លាប់​ដោយ​ការឆេះ​របស់​កោសិកា) តែង​ត្រូវបាន​គេ​មើលឃើញ​នៅលើ​អ្នក​ជំងឺថ្លើម​ធ្ងន់ធ្ងរ។ បញ្ហា​ទាំងឡាយ​បាន​កើតឡើង​នៅពេល​មេរោគ​លេច​ធ្លាយ​ពី​ពោះវៀន ហើយ​ចូលទៅក្នុង​ថ្លើម។

Advertisement