បារាំង​មាន​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ដំបូង​គេ​ក្នុងអំឡុង​ជាង ៣ ទសវត្សរ៍​មកនេះ

លោកស្រី Elisabeth Borne

ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង បានតែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ពលកម្ម Borne ជា​នាយករដ្ឋមន្ត្រី​រប​ស់ បារាំង ដែល​នេះ​គឺជា​ស្ត្រី​ដំបូង​គេ​កាន់តំណែង​នេះ​ក្រោយ​រយៈពេល​ជាង ៣០ ឆ្នាំ​កន្លង។

វិមាន​អេ​លី​សេ កាលពី​ថ្ងៃទី ១៦ ឧសភា បានប្រកាសថា លោកស្រី Elisabeth Borne ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​បារាំង ជំនួស​លោក Jean Castex ដែល​បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​កាលពីពេលថ្មីៗនេះ។ លោកស្រី Borne បាន​ទៅកាន់​ភូមិគ្រឹះ Matignon របស់ នាយករដ្ឋមន្ត្រី​បារាំង នៅ ប៉ារីស ដើម្បី​ទទួល​ភារកិច្ច។

ស្ត្រី​ជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​របស់ បារាំង គឺ​លោកស្រី Edith Cresson ដែល​បាន​ចូលកាន់​តំណែង​ចាប់ពី​ខែឧសភា ឆ្នាំ​ ១៩៩១ ដល់​ខែមេសា ឆ្នាំ​ ១៩៩២ ក្នុងសម័យ​លោក​ប្រធានាធិបតី Francois Mitterrand។

លោកស្រី Borne អាយុ ៦១ ឆ្នាំ ត្រូវបាន​វាយតម្លៃថា​ជា​មនុស្ស​ម្នាក់​ដែលមាន​សក្ដានុពល និង​អាច​ចរចា​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​ក្រុម​សហជីព​នៅក្នុងពេល​ប្រធានាធិបតី ម៉ា​ក្រុង ចាប់ផ្ដើម​កែទម្រង់​សង្គម​ថ្មី ក្នុងនោះ​មាន​ទាំង​ការបង្កើន​អាយុ​សម្រាប់​ការចូល​និវត្តន៍ ដែលជា​ការសម្រេចចិត្ត​មួយ​ប្រឈម​នឹង​ហានិភ័យ​កើតមាន​បាតុកម្ម។

 

Advertisement