សេតវិមាន បានសន្យាផ្ដល់ជំនួយដល់ក្រុមប្រទេសក្នុង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN-អាស៊ាន) ជាទឹកប្រាក់ចំនួន ១៥០ លានដុល្លារ សម្រាប់គំនិតផ្ដួចផ្ដើមមួយចំនួន រួមមាន សន្តិសុខលើផ្ទៃសមុទ្រ និងថាមពលស្អាត នៅក្នុងថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលពិសេស។
កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក កាលពីថ្ងៃទី ១២ ឧសភា ចាប់ផ្ដើមដោយពិធីស្វាគមន៍ និងលៀងសាយភោជន៍របស់លោក បៃដិន ជូនដល់មេដឹកនាំបណ្ដាប្រទេសក្នុងសមាគមអាស៊ាន នៅឯ សេតវិមាន។
នេះគឺជាកិច្ចប្រជុំកំពូលដំបូងដែលមានក្រុមមេដឹកនាំអាស៊ាន ចូលរួមព្រឹត្តិការណ៍នៅ សេតវិមាន ហើយក៏ជាកិច្ចប្រជុំដំបូងរវាង អាម៉េរិក និង អាស៊ាន ដែលដឹកនាំដោយប្រធានាធិបតីអាម៉េរិក រាប់ចាប់ពីឆ្នាំ ២០១៦។
សេតវិមាន បានប្រកាសកញ្ចប់ជំនួយ ១៥០ លានដុល្លារ សម្រាប់គំនិតផ្ដួចផ្ដើមមួយចំនួន រួមមាន សន្តិសុខលើផ្ទៃសមុទ្រ និងថាមពលស្អាត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។