គម្រោង​ធំ​របស់ មហាសេដ្ឋី Elon Musk ដែល​ត្រៀម​សម្រាប់ Twitter

លោក Elon Musk អាច​បញ្ឈប់​ការងារ​របស់​បុគ្គលិក​ច្រើន​រយ​នាក់ មុនពេល​ជ្រើសរើស​បុគ្គលិក​ជំនាញ​ថ្មី ដើម្បី​ត្រៀម​សម្រាប់​គម្រោង​ពាណិជ្ជកម្ម និង​ផលិត​ពិសេស​របស់​បណ្ដាញ​សង្គម Twitter។

នៅក្នុង​ឯកសារ​ផ្ញើ​ទៅកាន់​ក្រុម​អ្នកវិនិយោគ​ដែល New York Times ទទួលបាន មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង Elon Musk បាន​គូសវាស​ផែនការ​ជាច្រើន​សម្រាប់ Twitter បើសិន​ការ​ទិញដូរ​ដែលមាន​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​របស់លោក បានសម្រេច​ជា​ស្ថាពរ។

កែទម្រង់​ធនធានមនុស្ស

New York Times យល់ថា បន្ទាប់ពី​ចូល​គ្រប់គ្រង Twitter ម្ចាស់ SpaceX អាច​កាន់កាប់​តំណែង CEO ជា​​បណ្ដោះ​អាសន្ន​ និង​បញ្ឈប់​បុគ្គលិក​រាប់រយ​នាក់ មុននឹង​ជ្រើសរើស​អ្នកជំនាញ​ថ្មី​ផ្នែក​បច្ចេកទេស។ លោក Elon Musk គ្រោង​នឹង​រក​បុគ្គលិក​ឱ្យបាន​ប្រហែល ១១,០៧២ នាក់ នៅ​ឆ្នាំ ២០២៥ ខណៈ​បច្ចុប្បន្ន Twitter មានតែ​ជាង ៧,៥០០ នាក់។

លោក Musk ក៏​គ្រោង​នឹង​ប្ដូរផ្លាស់​ទម្រង់​ដឹកនាំ​មួយចំនួន​ផងដែរ។ កាលពី​ចុង​សប្ដាហ៍​កន្លង លោក​ធ្លាប់បាន​និយាយថា លោក​ជឿថា មេដឹកនាំ​គ្រប់រូប​ក្នុង​វិស័យ​បច្ចេកវិទ្យា ត្រូវតែ​ជាម​នុស្ស​ឆ្នើម​ក្នុង​ផ្នែក​បច្ចេកវិទ្យា។

ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ជំនួញ

លោក Musk ប្រកាស​កែលម្អ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់ Twitter ឱ្យ​ឡើងដល់ ២៦.៤ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២៨។ កាលពី​ឆ្នាំ​កន្លង បណ្ដាញ​សង្គម​នេះ​រកចំណូលបាន ៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ លោក Musk ក៏​នឹង​កាត់បន្ថយ​កញ្ចប់​ចំណាយ​ទៅលើ​ការ​ផ្សារ​ពាណិជ្ជកម្ម​របស់ Twitter ផងដែរ។

អូសទាញ​អ្នកប្រើប្រាស់​ថ្មី​បន្ថែមទៀត

មហាសេដ្ឋី Elon Musk មាន​គម្រោង​ទាក់ទាញ​អ្នកប្រើប្រាស់ Twitter ឱ្យបាន​ដល់ ៩៣១ លាន​នាក់ នៅ​ឆ្នាំ ២០២៨។ កាលពី​ចុងឆ្នាំ ២០២១ Twitter មាន​អ្នកប្រើប្រាស់ ២១៧ លាន​នាក់។

លោក Elon Musk ក៏​ឱ្យដឹងថា នឹងមាន​ការយកថ្លៃ​ប្រើប្រាស់​បន្ថែម ៣ ដុល្លារ/ខែ សម្រាប់​គណនី Twitter Blue ហើយ​ថា Twitter Blue នឹងមាន​អ្នកប្រើប្រាស់ ៦៩ លាន​នាក់​នៅ​ឆ្នាំ ២០២៥ និង ១៥៩ លាន​នាក់​នៅ​ឆ្នាំ ២០២៦។

គម្រោង​សំខាន់​មួយចំនួន​ផ្សេងទៀត

នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​ Tesla ក៏បាន​បង្ហើប​ឱ្យដឹង​អំពី​គម្រោង «X» ដ៏​អាថ៌កំបាំង ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ផលិតផល​ថ្មី​របស់ Twitter។ លោក Musk មិនបាន​និយាយ​លម្អិត ប៉ុន្តែ លោក​បានលើកឡើង​អំពី​បទពិសោធន៍​នៃ​មុខងារ​គ្មាន​ការផ្សាយពាណិជ្ជកម្ម​នៅលើ Twitter។ គម្រោង «X Subscriber» នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំក្រោយ ហើយ​នឹងមាន​អ្នកប្រើប្រាស់​ប្រហែល ៩ លាន​នាក់​ក្នុង​ឆ្នាំ​ដំបូង។

នៅលើ​ទំព័រ​បណ្ដាញ​សង្គម កាលពី​ថ្ងៃទី ៦ ឧសភា លោក Musk ឱ្យដឹងថា ដើម្បី​បានសម្រេច​គម្រោង​ខាងលើ លោក​នឹង​ដឹកនាំ Twitter ផ្ដោតទៅលើ​វិស័យសំខាន់ៗចំនួន ៤ គឺ បច្ចេកទេសផ្នែក​ទន់, រចនា, ការពារ​ទិន្នន័យ និង​ផ្នែក​រឹង​សម្រាប់​ម៉ាស៊ីន​មេ (server)៕

Advertisement