មហាសេដ្ឋី​រូបនេះ បច្ចុប្បន្ន​មានទ្រព្យ​ច្រើនជាង​មហាសេដ្ឋី​អាម៉េរិក Warren Buffet ទៅទៀត

មហា​សេដ្ឋី​ឥណ្ឌា លោក Gautam Adani

Gautam Adani បាន​លោត​ឡើងទៅ​គ្រង​តំណែង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យសម្បត្តិ​សុទ្ធ ១២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway ទៅទៀត។ នេះ​បើ​តាម​​​ទំព័រ Bloomberg Billionaires Index ចេញផ្សាយ​កាលពីដើម​សប្ដាហ៍​នេះ។

មហាសេដ្ឋី Buffett ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway Inc បច្ចុប្បន្ន​មានទ្រព្យ​ប្រមាណ ១២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ទ្រព្យសម្បត្តិ​សុទ្ធ​របស់លោក Adani បាន​កើន ៤៨ ពាន់​លាន​ដុល្លារ គិត​ចាប់ពី​ដើមឆ្នាំ ២០២២។ ចំណែក​ទ្រព្យ​របស់លោក Buffett វិញ បាន​កើនឡើង ១១ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ។

ទាំង​លោក Buffett ទាំង​លោក Adani សុទ្ធតែ​មិនទាន់​ឆ្លើយ​បត​នឹង​សំណើសុំ​ការអធិប្បាយ ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ​នៅឡើយ។

មហាសេដ្ឋី Adani គឺជា​ស្ថាបនិក និង​ជា​ប្រធាន​របស់ Adani Group ដែលជា​ក្រុមហ៊ុន​ខ្នាត​យក្ស រកស៊ី​ក្នុង​វិស័យ​ជាច្រើន ដូចជា ថាមពល រ៉ែ អចលនទ្រព្យ និង​កសិកម្ម​ជាដើម។

Adani Group មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ៧ ដែល​បាន​ឡើង​ផ្សារ​ហ៊ុន និង​មាន​មូលធន​ទីផ្សារ​តម្លៃ​ប្រមាណ ២២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

បច្ចុប្បន្ន លោក Adani ជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក បន្ទាប់ពី លោក Elon Musk នាយក​ប្រតិបត្តិ របស់ Tesla, លោក Bezos ស្ថាបនិក​របស់ Amazon, លោក Bernard Arnault នាយក​ប្រតិបត្តិ​របស់ LVMH និង​លោក Bill Gates សហ​ស្ថាបនិក​របស់ Microsoft៕

Advertisement