រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី លើកសរសើរ​ចំពោះ​គម្រោង​សាងសង់​អគារ​ទីស្នាក់ការ​កណ្ដាល​ថ្មី​របស់​ធនាគារ FTB

គម្រោង​សាងសង់​អគារ FTB TOWER ដែលជា​ទីស្នាក់ការ​កណ្ដា​ល​ថ្មី​របស់​ធនាគារ FTB ត្រូវបាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចាត់ទុកថា ជាការ​រួមចំណែក​ជាមួយ​នឹង​ រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ សេដ្ឋកិច្ច​ទីផ្សារ ការប្រកួត ប្រជែង​នៅក្នុង​ទីផ្សារពលកម្ម​អន្តរជាតិ នៅ កម្ពុជា។

ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​អគារ FTB TOWER ដែល​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​A មហា​វិថី​​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​​មនោ​រម្យ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២២ មេសា ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​សាទរ​ចំពោះ​ការរីកចម្រើន​របស់ ធនាគារ FTB និង​បាន​រម្លឹក​ឡើងវិញ​អំពី​អតីតកាល​របស់ FTB ដែល​កាលពីដើម​មាន​បុគ្គលិក​ត្រឹមតែ ៩០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន មាន​រហូតដល់ ៥០០ នាក់។

គម្រោង​អគារ FTB Tower

ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី​បាន​អះអាងថា អគារ FTB Tower នេះ ក្រោយពេល​បញ្ចប់​ការសាងសង់ នឹង​ក្លាយជា​អគារ​ខ្ពស់​ថ្មី​មួយ​បន្ថែមទៀត​នៅ កម្ពុជា។

គម្រោង​អគារ FTB Tower ដែល​ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​នាពេលនេះ គឺមាន​កម្ពស់ ២៨ ជាន់ ស្មើនឹង ១៥៧ ម៉ែត្រ និង​មាន​ទំហំ ៧៧,៥៩៣ ម៉ែត្រក្រឡា។ គម្រោង​អគារ​នេះ​នឹងត្រូវ​ចំណាយពេល​សាងសង់ ៣៦ ខែ ដោយ​ប្រើប្រាស់​ទុនវិនិយោគ ១១២ លាន​ដុល្លារ​អាម៉េរិក៕

Leave a Comment