ដើម្បីសម្រួលដល់ការអភិវឌ្ឍ និងរៀបចំប្រព័ន្ធរំដោះទឹកស្អុយចេញពីកណ្ដាលក្រុងបង្ហូរចូលអាងស្ដុកទឹកបឹងត្របែក រដ្ឋបាលសាលារាជធានីភ្នំពេញបាន និងកំពុងធ្វើការងារយ៉ាងដុតដៃដុតជើងក្នុងការដោះស្រាយលើបញ្ហាដែលប្រជាពលរដ្ឋបានរំលោភយកដីប្រឡាយបង្ហូរទឹកស្អុយបឹងត្របែកខុសច្បាប់ ធ្វើយ៉ាងណាដើម្បីបានមកវិញនូវអាងស្ដុកទឹកស្អុយដើម្បីរំដោះការជន់លិចក្នុងរាជធានីភ្នំពេញ។
ឯកឧត្ដម អៀង អូននី អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ជារឿងចាំបាច់ណាស់ដែលសាលារាជធានីភ្នំពេញត្រូវតែធ្វើការដោះស្រាយលើប្រឡាយបឹងត្របែក និងអាងស្តុកទឹកស្អុយបឹងត្របែកឱ្យបានឆាប់រហ័សបំផុត បើពុំដូច្នោះទេនឹងអាចធ្វើឱ្យមានការរាំងស្ទះដល់ការអភិវឌ្ឍគម្រោងនានាដែលមានដូចជា ការចាក់បេតុងការពារមាត់ប្រឡាយ និងរៀបចំស្ថានីយបូមទឹក និងគម្រោងប្រព័ន្ធលូនានារបស់អង្គការ JICA ដែលបម្រើដល់ការបូមទឹកស្អុយចេញពីតំបន់កណ្ដាលក្រុងទៅចូលស្ថានីយបូមទឹកបឹងត្របែក។
អាងស្ដុកទឹកស្អុយបឹងត្របែកមានទំហំ30ហិកតា ប៉ុន្ដែត្រូវបានប្រជាជនចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលសព្វថ្ងៃនៅសល់មិនដល់10ហិកតាផង។ យោងតាមរបាយការណ៍អាជ្ញាធរខណ្ឌចំការមនបង្ហាញថា ប្រជាពលរដ្ឋរស់នៅប៉ះពាល់ដល់ផ្ទៃទឹកស្អុយបឹងត្របែកសរុបមានផ្ទះចំនួន676ខ្នង ដែលត្រូវចែកចេញជា3តំបន់ គឺមានប្រជាពលរដ្ឋរស់នៅតាមមាត់ប្រឡាយមានផ្ទះចំនួន378ខ្នង ប្រជាពលរដ្ឋរស់នៅតាមមាត់អាងមានចំនួនផ្ទះ195ខ្នង និងប្រជាពលរដ្ឋរស់នៅក្នុងបឹងតែម្តង តែពុំមានផ្ទះនិងបានចាប់យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនមានចំនួន100ក្បាលដី។
ជាមួយគ្នានេះឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌចុះស្រង់ស្ថិតិប្រជាពលរដ្ឋឱ្យបានច្បាស់លាស់អំពីទំហំនៃផលប៉ះពាល់ និងតម្រូវការរបស់ប្រជាពលរដ្ឋដែលចង់ឱ្យអាជ្ញាធរធ្វើការដោះស្រាយដើម្បីធ្វើយ៉ាងណាពន្លឿនការដោះស្រាយ និងធ្វើការអភិវឌ្ឍឱ្យបានឆាប់រហ័សទៅលើការងារនេះ។
យោងតាមរបាយការណ៍ពីមន្ទីរសាធារណការរាជធានីភ្នំពេញបញ្ជាក់ថា ក្នុងមួយឆ្នាំៗសំរាមដែលត្រូវបានកាយចេញពីប្រឡាយទឹកស្អុយបឹងត្របែកមានក្នុងរង្វង់350ឡាន និងដឹកចេញពីតំបន់នេះ៕