ព្រះអង្គម្ចាស់ Charles មាន​មោទកភាព នៅពេល​ព្រះ​នាង Camilla នឹង​ក្លាយជា​អគ្គមហេសី

ព្រះអង្គម្ចាស់ Charles ឡើងគ្រងរាជ ព្រះនាង Camilla

ព្រះអង្គម្ចាស់ Charles មានបន្ទូលថា មាន​មោទកភាព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បំណង​តែងតាំង​ព្រះ​នាង Camilla ជា​អគ្គមហេសី​នៃ​ចក្រភព​អង់គ្លេស។

«ក្នុង​ទិវា​ប្រវត្តិសាស្ត្រ​នេះ ខ្ញុំ និង​មហេសី កំពុង​ថ្វាយព្រះពរ​មហាក្សត្រី ដែល​ទ្រង់​បាន​គ្រប់គ្រង​ប្រទេស និង​ចក្រភព​អង់គ្លេស (បណ្ដា​ប្រទេស​ជា​សមាជិក​របស់​ខំ​មិន​វែ​ល (Commonwealth) អស់​រយៈពេល ៧០ ឆ្នាំ​កន្លង។ យើង​មាន​មនសិការ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មោទកភាព​ដែល​ត្រូវ​បានបង្ហាញ​តាមរយៈ​បំណង​របស់​ព្រះ​មាតា។ នៅពេល​យើង​រួមដៃគ្នា​បម្រើ​មហាក្សត្រី និង​ប្រជាជន មហេសី​ជាទី​ស្រលាញ់​របស់ខ្ញុំ នៅតែ​ជាទី​ពឹង​ដ៏​រឹងមាំ​របស់ខ្ញុំ​ក្នុង​រយៈពេល​កន្លង» ព្រះអង្គម្ចាស់ Charles បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី ៦ កុម្ភៈ។

ប្រកាស​របស់​ព្រះអង្គម្ចាស់ Charles ត្រូវបាន​លើកឡើង​មួយថ្ងៃ​បន្ទាប់ពី​មហាក្សត្រី​អង់គ្លេស Elizabeth II សម្ដែង​អំពី​បំណង​ចង់ឱ្យ​រាជបុត្រី​សុណិសា (បុត្រី​ប្រសា) Camilla ត្រូវបានតែងតាំង​ជា​អគ្គមហេសី ជា​ឋានៈ​ខ្ពស់បំផុត​សម្រាប់​មហេសី​របស់​ស្ដេច នៅពេល​ព្រះអង្គម្ចាស់ Charles ឡើង​គ្រង​រាជសម្បត្តិ។

ព្រះអង្គម្ចាស់ Charles និង​មហេសី Camilla បាន​រៀប​អភិសេក​កាលពី​ឆ្នាំ ២០០៥ បន្ទាប់ពី​ក្សត្រ​ទាំងពីរ​អង្គ​នេះ​សុទ្ធតែ​ធ្លាប់បាន​ឆ្លងកាត់​អាពាហ៍ពិពាហ៍​បែកបាក់។ ព្រះអង្គម្ចាស់ Charles បាន​ផ្ដាច់ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ​នាង Diana កាលពី​ឆ្នាំ ១៩៩៦ មួយឆ្នាំ​មុនពេល​ព្រះ​នាង​បាន​ចូល​ទិវង្គត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ ទីក្រុង​បារី​ស។

មហាក្សត្រីអង់គ្លេស Elizabeth II

យោងតាម​ច្បាប់ នៅពេល​ព្រះអង្គម្ចាស់ Charles ឡើង​គ្រង​រាជ ព្រះ​នាង Camilla នឹងត្រូវ​បានតែងតាំង​ជា​អគ្គមហេសី ដែលជា​តំណែង​ខ្ពស់បំផុត​សម្រាប់​មហេសី​របស់​មហា​ក្សត្រ ប៉ុន្តែ រាជវាំង​អង់គ្លេស នៅមាន​ការរារែក​អំពី​ប្រតិកម្ម​របស់​សាធារណមតិ ដូច្នេះ​មាន​ដំណឹង​ច​រា​ចាម​អា​រ៉ា​ម​ថា ព្រះ​នាង Camilla នឹងត្រូវ​បានតែងតាំង​ជា មហេសី ប៉ុណ្ណោះ ពោលគឺ​មិនមែន អគ្គមហេសី នោះទេ។

ប៉ុន្តែ ប្រកាស​របស់​មហាក្សត្រី​អង់គ្លេស បាន​ត្រួស​ត្រាយផ្លូវ​ដើម្បីឱ្យ​ព្រះ​នាង Camilla ក្លាយជា «អគ្គម​ហេ​ស៊ី» ក្នុងពេល​អនាគត។ មហាក្សត្រី​អង់គ្លេស បច្ចុប្បន្ន​មាន​ព្រះ​ជន្មាយុ ៩៥ វស្សា ក៏មាន​សិទ្ធិ​តែងតាំង​ឋានៈ​ជា​អគ្គមហេសី ដល់​បុត្រី​សុណិសា នៅពេល​រាជបុត្រា Charles របស់​ទ្រង់ បាន​ឡើង​គ្រង​រាជ។

មហាក្សត្រី​អង់គ្លេស Elizabeth II កំពុង​ប្រារព្ធ​មហា​ទិវា​អនុស្សាវរីយ៍​នៃ​ការឡើង​សោយរាជ​សម្បត្តិ​រយៈពេល ៧០ ឆ្នាំ។ មហាក្សត្រី​អង្គ​នេះ គឺជា​ក្សត្រ​ដំបូង​គេ​បង្អស់​ដែល​គ្រង​រាជ​បាន ៧០ ឆ្នាំ ហើយក៏​ជា​ក្សត្រ​ដែល​សោយរាជ​បានយូរ​ជាងគេ​ក្នុង​ពិភពលោក​ផងដែរ៕

Advertisement