គម្រោង​សាងសង់​ស្ពាន​ព្រែក​តា​ឡុង (ចាក់អង្រែ​ក្រោម-ព្រែកប្រា) ឆ្លងកាត់​ទន្លេបាសាក់ នៅ ភ្នំពេញ កំពុង​ត្រូវបាន​ពិភាក្សាបន្ត

​ស្ពាន​ព្រះមុនីវង្ស

កិច្ចប្រជុំ​ស្ដីពី​គម្រោង​សាងសង់​ស្ពាន​ព្រែក​តា​ឡុង (ចាក់អង្រែ​ក្រោម-ព្រែកប្រា) ដែល​ឆ្លងកាត់​ទន្លេបាសាក់ ក្នុង រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ ៤ ខែមករា ឆ្នាំ ២០២២ នៅ​ទីស្តីការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ក្រោម​វត្តមាន​របស់ ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង និង​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក ក្រុមការងារ​ជំនាញ​បច្ចេកទេស​របស់​ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) រួម​នឹង​វត្តមាន​របស់​ក្រុមមន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​លើ​ការ​រចនា​ប្លង់​លម្អិត​នៃ​គម្រោង លំហូរ​ចរាចរណ៍​បច្ចុប្បន្ន និង​លំហូរ​ចរាចរណ៍ ព្យាករណ៍​ក្នុងពេល​អនាគត បណ្តាញ​ផ្លូវ​ត​ភ្ជាប់​សងខាង​ស្ពាន​ជាមួយនឹង​បណ្តាញ​ផ្លូវ​ពាក់ព័ន្ធ​ចំណុច ប្រសព្វ រួម​នឹង​បញ្ហា​តម្លៃ​ប៉ាន់ស្មាន​សរុប​លើ​គម្រោង​សាងសង់ ជម្រើស​រចនា​ប្លង់​លម្អិត និង​បទដ្ឋាន​បច្ចេកទេស នៃ​ការសាងសង់។

ឯកឧត្តម ឯកឧត្តម លឹម ស៊ី​ដេ​នី​ន បាន​ស្នើឱ្យ​អង្គប្រជុំ​ផ្តល់​មតិយោបល់​បន្ថែម ដើម្បី​ជួយ​ឱ្យ​របាយការណ៍​ពាក់ព័ន្ធ​មាន​ភាពល្អប្រសើរ មុននឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​អនុម័ត។

ក្រោយ​ការសាងសង់​រួចរាល់ ស្ពាន​ព្រែក​តា​ឡុង នេះ នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ត្រង់ចំណុច​ស្ពាន​ព្រះមុនីវង្ស​ឆ្លងកាត់​ទន្លេបាសាក់ ទៅកាន់​ផ្លូវជាតិ​លេខ១ នៅ​ច្បារអំពៅ ព្រមទាំង​ជួយ​ដល់​វិស័យសេដ្ឋកិច្ច សង្គម នៅក្នុង​តំបន់​រាជធានី​ភ្នំពេញ​ប៉ែក​ខាងត្បូង និង​តំបន់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ទីក្រុង តាខ្មៅ ផងដែរ។

Advertisement