គន្លឹះ​ជោគជ័យ​របស់​ក្រុម​ហ៊ុន​​ធុរកិច្ច​ថ្មី «ដឹកជញ្ជូន​អាហារ​សម្រាប់​អ្នក​ធ្វើ​ការ​ក្នុង​​ការិយាល័យ» ក្នុងសម័យ​វិបត្តិ COVID-19

សហស្ថាបនិក​របស់​ ZipLunch៖ លោក​ Majdi Alnabih និង​លោក​ Maj Qureshi

ដំណើរការ​ប្រកបដោយ​ភាពសមហេតុ​សម​ផល បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​រីកចម្រើន​ខ្លាំង សូម្បីតែ​នៅក្នុង​វិបត្តិ​សុខភាព​ដែល​បង្កើតឡើង​ដោយ COVID-19។

ZipLunch បានបង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ ចំ​កាលៈទេសៈ​ដែល​មិនមាន​អ្វី​អាក្រក់​ដូច។ ក្រុមហ៊ុន​ធុរកិច្ច​ថ្មី (startup) នេះ បាន​ណែនាំ​សេវាកម្ម​ដឹកជញ្ជូន​អាហារ​របស់ខ្លួន ដោយ​តម្រង់​គោល​ជា​បុគ្គលិក​ការិយាល័យ​ដែល​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅក្នុង​ទីក្រុង Toronto កាលពី​ខែមីនា ឆ្នាំ 2020 ពោលគឺ​តែ 4 ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ទីក្រុង​ត្រូវ​គ្រប​ដណ្ដើម​ដោយ COVID-19។

ក្រុមហ៊ុន​បាន​កែសម្រួល​រូបមន្ត​អាជីវកម្ម​របស់ខ្លួន ហើយ​មិន​ដល់ 4 ខែក្រោយ​មក ក្រុម​អ្នក​ដឹកជញ្ជូន​របស់ ZipLunch បាន​នាំ​អាហារ​ទៅឱ្យ​បុគ្គលិក​ក្រុមហ៊ុន​នានា​នៅឯ​ផ្ទះ​របស់​ពួកគេ ជំនួស​ឱ្យ​ការដឹកជញ្ជូន​ដល់​អគារ​ការិយាល័យ។ ការប្ដូរ​ផ្លាស់​នេះ ជួយ​ឱ្យ ZipLunch រីកចម្រើន ហើយ​នៅតែ​រក្សា​តម្លៃ​ស្នូល​របស់​វា​ដូចដើម នោះ​គឺ អាហារ​ពី​បណ្ដា​ភោជនីយដ្ឋាន​ដែលមាន​គុណភាព តម្លៃ​សមរម្យ និង​បញ្ចេញ​ឧស្ម័ន​កាបូន​តិចតួច។

សហ​ស្ថាបនិក Majdi Alnabih និង Maj Qureshi បានឱ្យដឹងថា អាហារ​ពី ZipLunch មានតម្លៃ​ទាប​ជាង 55% ធៀប​នឹង​សេវាកម្ម​ដូចគ្នានេះ​នៅលើ​កម្មវិធី​បញ្ជា​ទិញ​អាហារ​ដទៃ ហើយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ដែល​កើត​ពី​សកម្មភាព​ប្រគល់​ទំនិញ​របស់​ក្រុមហ៊ុន​នេះ ក៏​ទាប​ជាង 95% ផងដែរ។ ប្រការនេះ​កើតឡើង​ដោយសារតែ ZipLunch មានការ​ទិញ និង​ប្រគល់​ទំនិញ​ក្នុង​បរិមាណ​ច្រើន និង​ផ្ទេរ​ខ្ទង់​ប្រាក់​ដែល​សំច័យ​បាន ទៅឱ្យ​អតិថិជន។

គន្លឹះ​ដើម្បី​រស់៖ ប្រមូល​ការបញ្ជាទិញ​ក្នុង​បរិមាណ​ច្រើន និង​រៀបចំ​ការដឹកជញ្ជូន​ក្នុង​តំបន់​តែមួយ ក្នុងពេល​តែមួយ

ក្រុមហ៊ុន​នេះ ផ្គត់ផ្គង់​តារាង​មុខម្ហូប​មានកំណត់ ដែល​ត្រូវ​បានរៀបចំ និង​សម្របសម្រួល​ការបញ្ជាទិញ ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការធ្វើដំណើរ​ដឹកជញ្ជូន កាត់បន្ថយ​ការចំណាយ និង​បរិមាណ​ឧស្ម័ន​ដែល​បញ្ចេញ​ដោយ​យានយន្ត។ អតិថិជន​មិន​អស់ថ្លៃ​ដឹកជញ្ជូន ប៉ុន្តែ សម្រាប់​អាហារ​ថ្ងៃត្រង់ ឬ​ល្ងាច ត្រូវតែ​បញ្ជា​ទិញ​មុន​ការដឹកជញ្ជូន​ក្នុង​រយៈពេល​ជាក់លាក់ ហើយ​មិនអាច​កែ​មុខ​អាហារ​ដែល​បាន​បញ្ជា​ទិញ។ ប្រការនេះ​អនុញ្ញាតឱ្យ​ភោជនីយដ្ឋាន​នានា ចម្អិន​អាហារ​រួចរាល់​ក្នុង​បរិមាណ​ច្រើន​បាន​យ៉ាង​ឆាប់រហ័ស។

បុគ្គលិក​ដឹកជញ្ជូនម្នាក់ៗ ប្រគល់​អាហារ​ចាប់ពី 30 ដល់ 50 ឈុត នៅក្នុង​តំបន់​ជាក់លាក់​មួយ។ អតិថិជន​នឹង​ទទួលបាន​ទំនិញ​ក្នុងអំឡុង 30 នាទី រាប់​ចាប់ពី​ពេល​អ្នក​ដឹកជញ្ជូន​បាន​ទាក់ទង និង​មាន​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​នៅក្នុង​ការជួប​ទទួល​ទំនិញ​ក្បែរ​ដងផ្លូវ។

Qureshi អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នេះ បានឱ្យដឹងថា៖ «យើង​មិនមែនជា​កម្មវិធី​ដែល​សម្រប​ទៅតាម​ការស្នើ​នោះទេ។ បើសិន​អ្នកជា​មនុស្ស​រវល់ ហើយ​អ្នក​ចូលចិត្ត​ហូបចុក អ្នកត្រូវការ​ភាពសម្បូរ​បែប ដូច្នេះ​កម្មវិធី​របស់​យើង នឹង​បម្រើ​ដល់​អ្នក»។

រូបមន្ត​ដោះស្រាយ​បញ្ហា​តម្លៃ ពេលវេលា​រង់ចាំ​របស់​ភ្ញៀវ និង​តារាង​មុខម្ហូប?

Alnabih និង Qureshi ជួបគ្នា​នៅ​សាលា​មធ្យមសិក្សា។ ពួកគេ​បានកំណត់​គោលដៅ​អភិវឌ្ឍ​រូបមន្ត​ប្រគល់​អាហារ​ដោយ​ការកែសម្រួល​បញ្ហា​ដែល​ពួកគេ​ធ្លាប់បាន​ជួបប្រទះ៖ ថ្លៃ​សេវាកម្ម​ខ្ពស់ ពេលវេលា​រង់ចាំ​យូរ និង​បញ្ហា​ស្ទាក់ស្ទើរ​ក្នុងការ​សម្រេចចិត្តថា​គួរ​ញ៉ាំ​អ្វី។ ពួកគេ​មានបំណង​ផ្ដល់​ជម្រើស​ច្រើន​ដល់​អតិថិជន ទាក់ទង​នឹង​មុខម្ហូប​សម្បូរបែប។

នៅពេល​មានការ​បិទ​ខ្ទប់​ដោយសារ COVID-19 ភោជនីយដ្ឋាន​ជាង 100 នៅលើ​កម្មវិធី​ប្រគល់​អាហារ​នេះ ZipLunch ក៏បាន​បន្ថយ​តម្លៃ​បណ្ដោះអាសន្ន​ចំនួន​ពាក់កណ្ដាល​នៃ​តម្លៃ​សេវាកម្ម ចុះមក​នៅត្រឹម 10%/ការបញ្ជាទិញ។ បច្ចុប្បន្ន ការបរិភោគ​នៅ​ខាងក្រៅ​ត្រូវបាន​អនុញ្ញាត​ឡើងវិញ ហើយ​អត្រា​តម្លៃ​សេវាកម្ម​ក៏​ត្រលប់មក​ត្រឹម 20% ដូច​មុន បើ​ទោះ​តួលេខ​នេះ​នៅតែ​ទាប​ជាង​ស្ដង់ដា​របស់​វិស័យ​ដឹកជញ្ជូន​អាហារ (ពី 25-30%)។

Aashwin Jeyakumar អគ្គនាយក​របស់​ក្រុមហ៊ុន Ravisoups ឱ្យដឹងថា សេវាកម្ម​របស់ ZipLunch មានតម្លៃ​សេវា​ទាប ប្រហាក់ប្រហែល​នឹង​ការដែល​ភោជនីយដ្ឋាន​មួយ ជួល​អ្នក​ដឹកជញ្ជូន​ជំនាញ​ម្នាក់ ប៉ុន្តែ សេវាកម្ម​នេះ​ពិតជា​ស័ក្ដិសម។ «ZipLunch មិន​ដូច​ទៅនឹង App ដទៃ វា​មាន​លក្ខណៈ​ជា​បុគ្គល​ច្រើនជាង។ ខ្ញុំ​ដឹងថា អាហារ​សុទ្ធតែ​ត្រូវបាន​ជ្រើសរើស​យ៉ាង​ម៉ត់ចត់ ពិសេស​គឺ​ស៊ុប» Jeyakumar ថ្លែង​ដូច្នេះ។

អាជីវកម្ម​រីកចម្រើន ប៉ុន្តែ​ប្រកបដោយ​ការប្រកួតប្រជែង

នៅពេល​បុគ្គលិក​ការិយាល័យ​ត្រលប់​ចូលធ្វើការ​វិញ Qureshi គិត​ឃើញថា កិច្ចការជំនួញ​ដែល​បាន​ពី​អតិថិជន​ជា​ក្រុមហ៊ុន កំពុង​រីកចម្រើន។ Qureshi ឱ្យដឹងថា ប្រការ​ដែល​លោក​ស្ដាយក្រោយ​ជាងគេ​ក្នុង​រយៈពេល 18 ខែ​កន្លងទៅ​គឺ​ការដែល​មិនបាន​ធ្វើឱ្យ​ខ្លាំងក្លា​គ្រប់គ្រាន់។ នៅពេល​ប្រគល់​ទំនិញ​ដល់ផ្ទះ ក្រុមហ៊ុន​អាច​នឹង​ដណ្ដើមបាន​ចំណែក​ទីផ្សារ​ច្រើនជាង ដោយ​ការពង្រីក​ខ្លួន​ទៅកាន់​តំបន់​នានា​នៅក្បែរ​ខាង ជំនួស​ឱ្យ​ការ​ផ្ដោតលើ​តែមួយ​តំបន់។ «មាន​បញ្ហា​ជាច្រើន​ដែល​មិនទាន់​ដឹង។ យើង​កំពុងតែ​ព្យាយាម​ប្រឹងប្រែង​ដោយ​ប្រុងប្រយ័ត្ន»។

ZipLunch កំពុង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​យ៉ាងតិច 4 នៅក្នុង​តំបន់ Toronto។ ក្រុមហ៊ុន​កំពុងដណ្ដើម​ចំណែក​ទីផ្សារ ហើយ​តែង​បញ្ចុះតម្លៃ​លើ​មុខ​អាហារ​មក​នៅក្រោម​តម្លៃ​ដែល​ភោជនីយដ្ឋាន​គិតថ្លៃ។ ការបញ្ចុះ​តម្លៃ​នេះ​គឺ​ដើម្បី​ជំរុញ​ការបញ្ជាទិញ និង​ទាក់ទាញ​ទីផ្សារ។

Qureshi ឱ្យដឹងថា ប្រាក់ចំណូល​បាន​កើន​ជា​មធ្យម 22% ធៀប​នឹង​ខែ​មុន ហើយ​ក្នុង​រយៈពេល 6 ខែ​ដើម​ឆ្នាំនេះ វា​បាន​កើន​ទ្វេដង ធៀប​នឹង​ពេញ​មួយឆ្នាំ 2020។ ក្រុមហ៊ុន​កំពុងតែ​ស្វែងរក​ប្រភព​ទុន​បន្ថែម ដើម្បី​ពង្រីក​អាជីវកម្ម​នៅ Toronto ហើយ​ចុងក្រោយ​នឹង​ពង្រីក​ខ្លួន​ទៅកាន់​ទីក្រុង​នានា​នៅ អាម៉េរិក​ខាងជើង៕

Advertisement