ខ្លាចការវាយប្រហារពីកងទ័ពរបស់ ចិនដីគោក យន្តហោះចម្បាំងរបស់ កោះតៃវ៉ាន់ ហាត់ហោះហើរលើផ្លូវល្បឿនលឿន

យន្តហោះ​ចម្បាំង និង​យន្តហោះ​ព្រមាន​រហ័ស​របស់​កោះ​តៃវ៉ាន់ ហាត់​ស៊ាំ​ហោះ​ឡើង និង​ចុះចត​លើផ្លូវ​ល្បឿន​លឿន នៅក្នុង​សេណារីយោ «មូលដ្ឋាន​ទ័ពអាកាសសំខាន់ៗ រង​ការវាយប្រហារ​ពី​គ្រាប់​រ៉ុក្កែត»។

ក្រុម​យន្តហោះ​ចម្បាំង​ដែល​រួមមាន F-16V មួយគ្រឿង, Mirage 2000 មួយគ្រឿង, IDF (Indigenous Defense Fighter) មួយគ្រឿង និង E-2 មួយគ្រឿង ធ្វើការ​ហាត់​ស៊ាំ​ក្នុង​ការហោះ​ឡើង និង​ចុះចត​នៅលើ​កំណាត់​ផ្លូវ​ល្បឿន​លឿន​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ស្រុក Pingtung របស់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី 15 កញ្ញា។ ការហ្វឹកហាត់​នេះ​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​សមយុទ្ធ​ប្រចាំឆ្នាំ Han Kuang ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 13 ដល់ 17 កញ្ញា។

ការហ្វឹកហាត់​នេះ​គឺ​ដើម្បី​បង្ការ និង​ទប់​ទល់នឹង​ស្ថានការណ៍​ដែល​មូលដ្ឋាន​កងទ័ពអាកាស​នានា​របស់ តៃវ៉ាន់ រង​ការវាយប្រហារ​ពីស​ត្រូវ។

លោក​ស្រី Tsai Ing-Wen

មេដឹកនាំ​របស់ កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​កោតសរសើរ​ចំពោះ​កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់ តៃវ៉ាន់ ដែល​កាន់តែ​បង្ហាញ​អំពី​ភាពជឿជាក់​ទៅលើ​លទ្ធភាព​ការពារ​ដែនអាកាស​រប​ស់កោះ​នេះ «តាមរយៈ​ជំនាញ​ក្នុងការ​ប្រយុទ្ធ​ដ៏​អស្ចារ្យ រួម​នឹង​សកម្មភាព​ជាក់ស្ដែង និង​រហ័សរហួន​ដែល​បានមកពី​ការហ្វឹកហាត់​ប្រចាំថ្ងៃ»។

តៃវ៉ាន់ មាន​ផ្លូវ​រត់​សម្រាប់​យន្តហោះ​ចម្បាំង ចំនួន 5 កន្លែង នៅ​គ្រប់​តំបន់សំខាន់។ ផ្លូវ​រត់​ទាំងនេះ ភាគច្រើន​ជា​កំណត់​ផ្លូវ​ល្បឿន​លឿន​ដែល​ត្រូវបាន​សាងសង់​ជាពិសេស​សម្រាប់​ការហោះ​ឡើង និង​ចុះចត​របស់​យន្តហោះ​ចម្បាំង ដើម្បី​អាច​ប្រើប្រាស់​បានភ្លាមៗនៅពេល​មូលដ្ឋាន​ទ័ពអាកាស​ត្រូវ​បាន​កម្ទេច​ដោយ​សត្រូវ។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

មូលដ្ឋាន​ទ័ពអាកាសរ​បស់ តៃវ៉ាន់ ភាគច្រើន​ស្ថិតនៅ​ភាគ​ខាងលិច ទល់មុខ​នឹង​ប្រទេស​ចិនដីគោក ដែល​អាច​រង​ការវាយប្រហារ​ពី​មី​ស៊ី​លភ្លាមៗ បន្ទាប់ពី​សង្គ្រាម​កើតឡើង។

F-16V ហោះ​ឡើង​ពី​ផ្លូវ​ល្បឿន​លឿន​

មូលដ្ឋាន​ទ័ពអាកាស​ចំនួន​ពីរ​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​របស់​កោះ​តៃវ៉ាន់ មាន​ឃ្លាំង​យន្តហោះ​ស្ថិតនៅ​ជ្រៅ​ក្នុង​ភ្នំ ដែល​អាច​ទប់​ទល់នឹង​ការវាយប្រហារ​បានល្អ​ជា​ង​បណ្ដា​មូលដ្ឋាន​នៅ​ភាគ​ខាងលិច​របស់​ដែន​កោះ​នេះ។

ការហាត់​ស៊ាំ​នានា​របស់​កងទ័ព​តៃវ៉ាន់ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល ចិនដីគោក កំពុង​បង្កើន​សកម្មភាព ក៏ដូចជា​វត្ត​មាននៅ​ជុំវិញ​កោះ​នេះ។ ប្រទេស​ចិន តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន និង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ប្រើប្រាស់​អាវុធ​ដើម្បី​ដណ្ដើម​កោះ​នេះ​មកវិញ បើសិនជា​ចាំបាច់។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទ័ពអាកាស​របស់ តៃវ៉ាន់ ហាក់​ត្រូវបញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​បណ្ដេញ​យន្តហោះ​ចិនដីគោក ស្ទើរតែ​រាល់ថ្ងៃ ដោយសារតែ​យន្តហោះ​យោធា​ចិន រំលោភ​ចូល​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់ តៃវ៉ាន់៕

Advertisement