តា​លី​បង់ ថា បន្ទាយ​ចុងក្រោយ​របស់​ក្រុមប្រឆាំង​ដែល​នៅ​សេសសល់ បានទទួល​បរាជ័យ

កង​កម្លាំង​រណសិរ្សតស៊ូជាតិ អាហ្វហ្គានីស្ថាន (NRFA) ហ្វឹក​ហាត់​ កាលពីថ្ងៃទី 2​ កញ្ញា​ នៅ​ជ្រលង​ភ្នំ​ Panjshir

ប្រភពព័ត៌មាន​ពី តា​លី​បង់ បានប្រកាសថា ក្រុម​នេះ​បាន​ចូល​កាន់កាប់​ជ្រលង​ភ្នំ Panjshir ដែលជា​បន្ទាយ​ចុងក្រោយ​របស់ រណ​សិ​រ្យ​តស៊ូ​ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ ក្រុម​ប្រឆាំងនឹង តា​លី​បង់ បាន​ច្រានចោល​ការប្រកាស​នេះ។

ប្រភពព័ត៌មាន​ចំនួន​បី ពី តា​លី​បង់ បាន​និយាយថា កងកម្លាំង​នេះ កាលពី​ថ្ងៃទី 3 កញ្ញា បាន​គ្រប់គ្រង​ជ្រលង​ភ្នំ Panjshir ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋធានី​កា​ប៊ុល បញ្ចប់​ដំណាក់កាល​វាយ​កាន់កាប់​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ទាំងស្រុង។

«ដោយ​ព្រះ​គុណ​ពី​ព្រះ​អាល់​ឡោះ​ដ៏​ខ្ពង់ខ្ពស់ យើង​កំពុង​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន ទាំងស្រុង។ ក្រុម​ជនបង្ក​ភាពវឹកវរ ត្រូវបាន​កម្ចាត់ ហើយ Panjshir បច្ចុប្បន្ន ស្ថិតក្រោម​បញ្ជា​របស់​យើង» មេបញ្ជាការ​ម្នាក់​របស់ តា​លី​បង់ និយាយ​ដូច្នេះ។

គណនី Facebook នានា កំពុង​ចែករំលែក​ព័ត៌មាន​អំពី​បរាជ័យ​របស់ រណសិរ្ស​តស៊ូ​ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន (NRFA) នៅ Panjshir ខណៈដែល​ស្នូរ​កំ​ភ្លើង​អបអរ​ជ័យជំនះ​របស់ តា​លី​បង់ ក៏​កំពុង​លាន់​កងរំពង​នៅ​ពាសពេញ​រដ្ឋធានី​កា​ប៊ុល។

ក៏ប៉ុន្តែ អតីត​អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន លោក Amrullah Saleh ដែលជា​មេដឹកនាំ​កងទ័ព NRFA មួយរូប បានឱ្យដឹងថា កងកម្លាំង​របស់ខ្លួន មិនបាន​ចុះចាញ់​នោះឡើយ។

«ពិត​ហើយ​ដែលថា យើង​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក។ យើង​កំពុង​ត្រូវបាន តា​លី​បង់ វាយ​ដណ្ដើម​ទឹកដី។ ប៉ុន្តែ យើង​នៅតែ​ប្រឹងប្រែង​ការពារ​ខ្លួន និង​តតាំង​ប្រឆាំង​តបត» លោក Saleh ថ្លែង​ដូច្នេះ។

មេបញ្ជាការ​មួយចំនួន​ផ្សេងទៀត​របស់​ក្រុម NRFA ក៏បាន​ច្រានចោល​ព័ត៌មាន​ដែលថា ជ្រលង​ភ្នំ Panjshir បាន​ធ្លាក់​ក្នុង​ដៃ តា​លី​បង់។ «ព័ត៌មាន​អំពី​ការប្រយុទ្ធ​ដណ្ដើម​គ្រប់គ្រង Panjshir កំពុង​ត្រូវបាន​ចែករំលែក​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ ប៉ា​គី​ស្ថាន។ នោះ​គឺជា​រឿង​កុហក» Ahmad Massoud មេដឹកនាំ​សង្គ្រាម​ប្រឆាំង តា​លី​បង់ នៅ Panjshir អះអាង​ដូច្នេះ។

មុន​នោះ មាន​ព័ត៌មាន​ផ្សាយ​ថា មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​នៅ​ជ្រលង​ភ្នំ Panjshir។ Panjshir គឺជា​តំបន់​ដែល​ត្រូវបាន​កងកម្លាំង​ប្រឆាំង តា​លី​បង់ NRFA យកមក​ធ្វើជា​បន្ទាយ និង​ទឹកដី​ចុងក្រោយ​សម្រាប់​តតាំង​នឹង តា​លី​បង់។ កំពូលភ្នំ​ទាំងឡាយ​ដែល​ព័ទ្ធជុំវិញ​ជ្រលង​ភ្នំ Panjshir គឺ​ឧបសគ្គ​ធំ​ដែល​រារាំង​រាល់​កម្លាំង​​ទាំង​ឡាយ​ណា​​ដែល​ចង់វាយ​ដណ្ដើម​កាន់កាប់​តំបន់​នេះ៕

Advertisement