ភ្នំពេញ៖ រយៈពេល 6ខែដើមឆ្នាំ2017នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានទឹកប្រាក់ 1,546លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់សរុបជាង 1,362លានដុល្លារ។ ខណៈពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានតម្លៃប្រមាណជា 3.2ពាន់លានដុល្លារកាលពីឆ្នាំ2016។ តើទំនិញដោះដូររវាងកម្ពុជា និងអាមេរិកមានអ្វីខ្លះ?
របាយការណ៍ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាឱ្យដឹងថា កម្ពុជានាំទំនិញទៅអាមេរិកមានតម្លៃសរុប 2.8ពាន់លានដុល្លា ដែលរួមមានសម្លៀកបំពាក់ ស្បែកជើង ប្លាស្ទិក និងផលិតផលស្បែករួមនឹងផលិតផលកសិកម្មដែលមានទឹកប្រាក់ 23លានដុល្លា ដូចជាផ្លែឈើ បន្លែ អង្ករ និងផលិតផលដទៃទៀត។
ចំណែកទំនិញនាំចេញរបស់អាមេរិកមានតម្លៃសរុប 361 លានដុល្លា រួមមានរថយន្ត គ្រឿងម៉ាស៊ីន អាហារសំណល់សម្រាប់យកទៅកែច្នៃ ចំណីសត្វ សម្លៀកបំពាក់ធ្វើពីរោមសត្វ និងវាយនភណ្ឌមិនមែនតម្បាញជាដើម។
ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ ខណៈកាលពីថ្ងៃសុក្រម្សិលមិញ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានរៀបចំពិធីមួយដើម្បីឱ្យសមាជិកសំខាន់ៗនៃអ្នកជំនួញនៅក្នុងប្រទេសកម្ពុជាបានជួបជាមួយលោកMichael Newbill អនុប្រធានទូតអាមេរិកថ្មី និងលោក David Sequeira មន្ត្រីទូតទទួលបន្ទុកផ្នែកសេដ្ឋកិច្ចដែលទើបនឹងមកដល់ប្រទេសកម្ពុជា។
អ្វីដែលគេចាប់អារម្មណ៍គឺ សហគ្រិនអាមេរិកគ្រោងបើកហាងលក់ម៉ូតូម៉ាកHarley-Davidson ដែលជាម៉ាកសញ្ញាដើមនៅអាមេរិកមកលក់រាយដំបូងនៅភ្នំពេញ ហើយគ្រោងបើកនៅចុងឆ្នាំនេះ ដែលមានតម្លៃនៅលើទីផ្សារក្រៅប្រទេសប្រហែល12,000ដុល្លារក្នុងមួយគ្រឿង៕