ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហាញផែនការរយៈពេលវែងរបស់ខ្លួនសម្រាប់ឆ្នាំ2017 ដល់ឆ្នាំ 2030 ដោយស្ថាប័នស្វយ័តនេះ គ្រោងបោះទុនវិនិយោគរហូតដល់ 500លានដុល្លារអាមេរិក។
លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៃក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី1 កញ្ញានេះថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរៀបចំផែនការយូរអង្វែងដែលជាផែនការមេដ៏ធំមួយចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ2030សម្រាប់ជំហានធំៗក្នុងការវិនិយោគលើវិស័យទឹកស្អាតនៅក្នុងផែនការគិតជាទឹកប្រាក់គ្រោងចំណាយអស់ប្រមាណជាង500លានដុល្លាអាមេរិកដើម្បីជំរុញការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញឲ្យបាន100ភាគរយ។
លោកបន្តថា នៅក្នុងគម្រោងផែនការអភិវឌ្ឍទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចាប់ពីឆ្នាំ2018ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងពង្រីកបណ្តាញចែកចាយទឹកស្អាតឲ្យបានចំនួនជាង2ម៉ឺនកុងទ័រគឺស្មើជាង2ម៉ឺនគ្រួសារនៅតំបន់ជាយក្រុងចំពោះប្រជាពលរដ្ឋដែលពុំទាន់ទទួលបានសេវាប្រើប្រាស់ទឹកស្អាត។
លោក ស៊ឹម ស៊ីថា បានបន្តទទួលស្គាល់ថា លទ្ធភាពនៃការចែកចាយបណ្តាញទឹកស្អាតនៅក្រុងភ្នំពេញគឺពុំទាន់ឆ្លើយតបបានទៅតាមសេចក្តីត្រូវការនៅឡើយទេ ប៉ុន្តែសម្រាប់ការអនុវត្តគោលការណ៍ទឹកស្អាតសម្រាប់ទាំងអស់គ្នារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានពង្រីកបណ្តាញទៅកាន់ជាយក្រុងកាន់តែច្រើន បើធៀបនឹងតំបន់នៅក្នុងទីក្រុងក្នុងគោលដៅជំរុញឲ្យប្រជាពលរដ្ឋទទួលបានការប្រើប្រាស់ទឹកស្អាតក្នុងតម្លៃសមរម្យមួយ និងទទួលបានទឹកស្អាតប្រើប្រាស់ប្រកបដោយគុណភាព៕