ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ! យន្ត​ហោះ​ដ្រោន ចាក់សាំងឱ្យយន្តហោះចម្បាំងអាមេរិក នៅលើអាកាស

យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រោ​ន/drone) នេះ បាន​ផ្គត់ផ្គង់​ឥន្ធនៈ​នៅលើ​អាកាស ទៅឱ្យ​យន្តហោះ​ចម្បាំង​មួយគ្រឿង នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ក្រុមហ៊ុន Boeing ចាត់ទុកថា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍។

ក្រុមហ៊ុន Boeing កាលពី​ថ្ងៃទី7 ខែមិថុនា បានប្រកាសថា យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង បាន​ផ្គត់ផ្គង់​ប្រេង​ដល់​យន្តហោះ​ចម្បាំង​មួយគ្រឿង​ផ្សេងទៀត ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការសាកល្បង​ដោយ​ជោគជ័យ ទៅលើ​គំរូ​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​ពិសេស ជំនាញ​ខាង​ចាក់​ប្រេង​ឱ្យ​យន្តហោះ​ដទៃ ដែល​ត្រូវបាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដាក់ឈ្មោះ​ឱ្យ​ថា MQ-25 Stringray។

យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ បាន​ចាក់​សាំង​ដោយ​ជោគជ័យ ទៅឱ្យ​យន្តហោះ​ចម្បាំង F/A 18 Super Hornet របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក នៅក្នុង​ជើងហោះហើរ​សាកល្បង​កាលពី​ថ្ងៃទី4 ខែមិថុនា ឆ្នាំ2021។

Leanne Caret ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Boeing Defense បាន​និយាយថា៖ «នេះ​គឺជា​ព្រឹត្តិការណ៍​គួរកត់សម្គាល់ សម្រាប់​ក្រុម​រួម​របស់ Boeing និង​កងទ័ពជើងទឹក​អាមេរិក»។

ឧ​ត្ត​មនា​វី​ទោ Brian Corey ប្រធានការិយាល័យ​កម្ម​វិធី​អាវុធ​វាយប្រហារ និង​អាកាសចរណ៍​គ្មាន​មនុស្ស​បើក ឱ្យដឹងថា ជើងហោះហើរ​សាកល្បង​នេះ «ជា​គ្រឹះ​សម្រាប់​ការដាក់ឱ្យ​ប្រើប្រាស់​នៅលើ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ដែល​លើកកម្ពស់​លទ្ធភាព​សម្រាប់​និយមន័យ “ប្រព័ន្ធ​គ្មាន​មនុស្ស​បើក”»។

កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បាន និង​កំពុង​ជំរុញឱ្យមាន​ការបំពាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ច្រើនជាង​មុន ទៅក្នុង​កិច្ចការ​ភ័ស្តុភារ ដើម្បី​កាត់បន្ថយ​កម្លាំង និង​ប្រាក់កាស សម្រាប់​អាទិភាព​ដទៃ។

អនុសេនីយ៍ឯក Chad Reed ប្រធានការិយាល័យ​នៃ​កម្មវិធី​អាកាសចរណ៍​គ្មាន​មនុស្ស​បើក របស់​កងទ័ពជើងទឹក​សហរដ្ឋ​អាមេរិក បាន​ហៅ​ព្រឹត្តិការណ៍​នោះ​ថា​ជា «ព្រឹត្តិការណ៍​សំខាន់ និង​គួរឱ្យ​ចាប់អារម្មណ៍»។

យន្តហោះ​គ្មាន​មនុស្ស​បើក​ខាងលើ ប្រើប្រាស់​ប្រព័ន្ធ​ផ្គត់ផ្គង់​ប្រេង​នៅលើ​អាកាស Cobham (ARS) ដែល​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បំពាក់​នៅលើ​យន្តហោះ Super Hornet មួយចំនួន ដែល​ធ្វើ​សកម្មភាព​ពី​នាវា​ផ្ទុក​យន្តហោះ​របស់​ពួកគេ។ កងទ័ពជើងទឹក​អាមេរិក មាន​គម្រោង​ទិញ​យន្តហោះ​ប្រភេទ​នេះ ជាង 70គ្រឿង​ទៀត ដើម្បី​ផ្ទេរ​យន្តហោះ​ចម្បាំង និង​អ្នកបើកបរ ដែល​កំពុង​ធ្វើ​កិច្ចការ​ផ្គត់ផ្គង់​ប្រេង ទៅ​បំពេញបេសកកម្ម​ប្រយុទ្ធ​វិញ។

ជើងហោះហើរ​សាកល្បង​ខាងលើ ត្រូវបាន​ចាប់ផ្ដើម​ពី​នាវា​ផ្ទុក​យន្តហោះ MidAmerica នៅ Mascoutah នៃ​រដ្ឋ Illinois ក្បែរ​មូលដ្ឋាន​របស់​ក្រុមហ៊ុន Boeing នៅ St. Louis ក្នុង​រដ្ឋ Missouri៕

ប្រភព៖ RT
ប្រែ​សម្រួល៖ បុត្រា

Advertisement