ផលិតកម្ម​ថោន​ស្រាយ​ចម្ងល់​​រឿង មាស សុខសោភា ខ្សត់​បទចម្រៀង​នៅ​រដូវ​ចូលឆ្នាំ​ថ្មី​​​​​ ២០១៧

ភ្នំពេញៈ តាម​ចំណាំ​ឲ្យ​តែ​នៅ​ជិត​ដល់​ពេល​ប្រារព្ធ​ពិធី​បុណ្យ​​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​រៀងរាល់​ឆ្នាំ ក្រុម​តារា​​ចម្រៀង​​ទាំង​ប្រុស​ទាំង​ស្រី​លំដាប់​កំពូល​ប្រចាំ​ផលិតកម្ម​ល្បីៗ​តែង​សម្បូរ​បទចម្រៀង​ថ្មី​ៗ​​ ដើម្បី​បង្ហើរ​សំនៀង​​បំពេ​អារម្មណ៍​​ប្រិយមិត្ត​​អ្នក​ស្តាប់​របស់​ខ្លួន​ណាស់​​ តែ​​​ចម្លែក​អ្វី​នៅ​ឆ្នាំ​ ២០១៧ ​នេះ តារា​ចម្រៀង​ស្រី​សម្លេង​ស្រទន់​ ឈរ​​​លំដាប់​កំពូល​​នៃ​ទ្រនំ​​ផលិតកម្ម​ថោន​កញ្ញា មាស សុខសោភា បែរ​ជា​មាន​ចេញ​បទចម្រៀង​តិច​ខុស​ប្លែក​ពី​ពេល​ឆ្នាំ​មុនៗ បង្ក​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​​ខ្លាំង​ពី​គាំទ្រ។

កាន់​តែ​មាន​ការ​សង្ស័យ​បន្ថែម​ទៀត​នោះ​គឺ​នាពេល​ថ្មីៗ​ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំ​​ ខណៈ​វត្តមាន​របស់​តារាស្រី​​រូប​នេះ​​​បាន​ចូលរួម​​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​មួយ​​​​របស់​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​​​ ក៏​ធ្លាប់​បាន​ព្រលយ​ចេញ​ថា នាង​ពិតជា​មាន​​បទចម្រៀង​បំពេ​អារម្មណ៍​អ្នក​គាំទ្រ​តិច​​មែន​សម្រាប់​ឆ្នាំ​នេះ​ផង​ដែរ។​ ដំណឹង​នេះ​ក៏​​រឹត​តែ​ធ្វើ​មហាជន​​អន្ទះសារ​ចង់​ដឹង​ពី​មូលហេតុ និង​​មាន​មន្ទិល​ថា កញ្ញា មាស សុខសោភា និង​ផលិតកម្ម​អ្វី​​រកាំរកូស​នឹង​គ្នា​​មែន​ឬ​?

លោក ករុណា ពេជ្រ អ្នក​ចាត់ការ​ថ្មី​នៅ​ផលិតកម្ម​ថោន ថ្លែង​ប្រាប់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​​តារាចម្រៀង​ស្រី​​សម្លេង​​រៃកន្តឹង និង​និយម​​ច្រៀង​តែ​ប្រភេទ​បទ​អូរីជីណល់ ឬ​បទ​មិន​ចម្លង​គេ​នោះ​ថា៖ « តាម​ពិត​ទៅ​ កញ្ញា មាស សុខសោភា មិនមែន​ផលិតកម្ម​មាន​បទចម្រៀង​​តិច​សម្រាប់​គាត់​នោះ​ទេ ​ក្នុង​ការ​ចេញ​បទចម្រៀង​​នៅ​​រដូវកាល​ចូល​ឆ្នាំ​ថ្មី​នេះ។ បើ​និយាយ​ទៅ​គឺ​មាន​ជិត​ ១០ បទ​ដែរ តែ​ពេល​ចេញ​មុន​ចូល​ឆ្នាំ​គឺ​មាន​​តែ​បី​បួន​បទ​ ខណៈ​ប៉ុន្មាន​បទ​ទៀត​ផលិតកម្ម​ក៏​បាន​ចេញ​បន្ត​បន្ទាប់​រួច​ហើយ​ដែរ»។

តារាចម្រៀង​ដែល​ជា​អ្នក​ចាត់ការ​នៅ​ផលិតកម្ម​ថោន​រូប​នេះ​បន្ត​ថា៖ «ផលិតកម្ម​តែ​ផ្តល់​អាទិភាព​ជូន​ទៅ​​គាត់ [មាស សុខសោភា​] ជានិច្ច​ព្រោះ​គាត់​ជា​តារាចម្រៀង​របស់​ផលិតកម្ម​តាំង​ពី​ដំបូង​។ សម្រាប់​ឆ្នាំ​នេះ ផលិតកម្ម​ក៏​បាន​ផ្តល់​ជម្រើស​បទ​ចំនួន​ប្រហែល​ជា​ ១០ បទ​ដែរ​ដើម្បី​ឲ្យ​គាត់​ជ្រើស​។ តែ​គាត់​ក៏​ប្រាប់​ដែរ​ថា ចង់​ច្រៀង​តែ​បទ​ណា​​មាន​គុណភាព​​ប៉ុណ្ណោះ ខណៈ​យើង​ក៏​សម្រេច​ជូន​គាត់​ប៉ុន្មាន​ពីរ​បី​បទ​ដែល​បាន​​ចេញ​​​នោះ​​ឯង​។ ម្យ៉ាង​ទៀត បទចម្រៀង​​ប៉ុន្មាន​បទ​​ក្រោយ​ ដែល​ចេញ​ក្រោយ​ចូល​ឆ្នាំ​នោះ​គឺ​​មាន​មូលហេតុ​ ដោយសារ​មាន​អ្នក​ដឹកនាំ​សម្តែង​​ម្នាក់​គាត់​បាន​អះអាង​ថា​នឹង​ខំ​ធ្វើ​ឲ្យ​បទ​នោះ​មាន​ស្ពុនស័រ​ ហើយ​ក្រុមហ៊ុន​ក៏​ទុក​ពេល​ឲ្យ​គាត់​ដល់​ពាក់​កណ្តាល​ខែ​មីនា តែ​លុះ​ដល់​ចុង​ខែ​មីនា​ឯណោះ​ទើប​តប​ថា មិន​មាន​ស្ពុនស័រ​។ ដូច្នេះ​យើង​មិន​អាច​​ធ្វើ​ឲ្យ​បទ​ក្រោយ​របស់ មាស សុខសោភា​ ចេញ​ទាន់​នឹង​បទ​មុន​របស់​នាង​នោះ​ឡើយ»៕

Advertisement