ការអភិវឌ្ឍលើវិស័យធនធានមនុស្សជាកត្តាចម្បងមួយនៅក្នុងចំណោមកត្តាសំខាន់ៗទាំងឡាយដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាមុខព្រួញសំខាន់ដែលអាចជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចខណៈពេលប្រទេសកម្ពុជាមានចក្ខុវិស័យចង់ក្លាយខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030ហើយនឹងឈានទៅជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ2050។
ពាក់ព័ន្ធទៅនឹងសារៈសំខាន់របស់គុណភាពយុវជននៅក្នុងដំណើរការអភិវឌ្ឍន៍នេះ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ការពង្រឹងគុណភាពធនធានមនុស្សជាកត្តាសំខាន់មួយដែលក្រសួងត្រូវធ្វើកំណែទម្រង់ដើម្បីអាចធ្វើឱ្យពួកគេក្លាយជាធនធានដែលមានសក្តានុពលសម្រាប់ទាក់ទាញពាណិជ្ជករបរទេសឱ្យចូលមកវិនិយោគនៅកម្ពុជា។
ឯកឧត្តម ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖ «បើមានតែសញ្ញាបត្រគ្មានសមត្ថភាពវាគ្មានន័យអ្វីទេព្រោះអ្នកទទួលសញ្ញាបត្រគ្មានសមត្ថភាពទាំងនោះនឹងជួបការលំបាកនៅពេលដែលពួកគេមិនអាចរកការងារធ្វើនៅក្នុងទីផ្សារសេរីបាន»។
ឯកឧត្តមបានលើកឡើងថា ក្រសួងនឹងព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើយ៉ាងណាធានាថាយុវជនកម្ពុជាត្រូវតែមានគុណភាព។ តាមរយៈការរឹតបន្តឹងការប្រឡងសំខាន់ៗនានាដូចជាការប្រឡងបាក់ឌុបជាដើម គឺទាល់តែអ្នកចេះពិតប្រាកដទើបជាប់ ហេតុនេះយុវជនកម្ពុជាត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីទទួលយកការអប់រំ និងច្នៃខ្លួនឯងឱ្យក្លាយជាធនធានយ៉ាងមានតម្លៃសម្រាប់សង្គមកម្ពុជា៕